លោក គួច ម៉េងលី៖ បើចង់ជោគជ័យក្នុងជីវិតត្រូវចេះយ៉ាងតិច៧ភាសា
ភ្នំពេញ៖ «ប្រាំពីរភាសា គឺអាចជួយឲ្យជីវិតរបស់អ្នកជោគជ័យ» នេះគឺជាប្រសាសន៍របស់លោក គួច ម៉េងលី ប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិលើប្រធានបទ«ការធ្វើការ រួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំ» កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ។
ការត្អូញត្អែរបស់យុវជន និងនិស្សិតមួយចំនួនថា ពិកបាករកការងារធ្វើ និងចង់ធ្វើឲ្យខ្លួនឯងឲ្យក្លាយបុគ្គលជោគជ័យ តែងត្រូវបានគេជជែក និងលើកឡើងយ៉ាងសកម្មក្នុងសង្គមខ្មែរ។ ឆ្លើយតបចំពោះបញ្ហានេះ លោក គួច ម៉េងលី ប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា បើសិនជាចង់ជោគជ័យមែន អ្នកត្រូវចេះយ៉ាងតិច ប្រាំពីរភាសា។
លោកបានបញ្ជាក់ ថា ភាសាទីមួយដែលយុវជនត្រូវតែចេះ នោះគឺ ភាសាជាតិ ភាសាកំណើតរបស់ជាតិខ្លួន។ ត្រង់ចំណុចនេះ គឺលោកចង់ឲ្យយុវជនទាំងអស់ត្រូវចេះសរសេរ ចេះអាន ភាសាខ្មែរខ្លួនឯង ឲ្យបានច្បាស់លាស់ សរសេរឲ្យបានត្រឹមត្រូវ តាមក្បួនច្បាប់ វេយ្យាករណ៍ជាដើម។
ចំណែកភាសាទីពីរ នោះគឺភាសាសកល។ ចំពោះភាសានេះ បច្ចុប្បន្នភាសាអង់គ្លេសគឺ ជាភាសាសកលមួយដែលយុវជនត្រូវតែចាំ ត្រូវចេះឲ្យបានពិតប្រាកដ អាចប្រើប្រាស់បាន ទំនាក់ទំនងបាន អាចសរសេរបានល្អ ទាំងនៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ និងសង្គមការងារ។
ភាសាបច្ចេកវិទ្យា គឺជាភាសាសំខាន់ទីបី បន្ថែមទៀតសម្រាប់បរិបទសង្គមបច្ចេកវិទ្យានេះ។ ចំពោះការលើកឡើងពីភាសាបច្ចេកវិទ្យានេះ លោក គួច ម៉េងលី ចង់សំដៅលើការចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដូចជាកំព្យូទ័រ សម្ភារបច្ចេកទេសថ្មីៗ ជាដើម។
លើសពីនេះទៅទៀត ភាសាជំនាញ គឺជាភាសាទីបួនដែលលោក គួច ម៉េងលី អះអាងថាវាសំខាន់ សម្រាប់ភាពជោគជ័យរបស់យុវជន និងសិស្សនិស្សិត។ លោកបានបញ្ជាក់បន្ថែមថា អ្នកត្រូវរៀនឲ្យចេះ ចេះឲ្យច្បាស់ ចេះឲ្យប្រាកដ ទៅលើជំនាញដែលខ្លួនបានរៀន បានសិក្សា។ រីឯ ភាសាទីប្រាំ នោះគឺ ភាសាកាយវិការ ការចេះបង្ហាញភាពទន់ភ្លន់ ចេះគោរព មិនក្អេងមិនក្អាង កាយវិការសុភាព ទន់ភ្លន់ តែរឹងមាំ ចេះប្រើប្រាស់ទឹកមុខញញឹម ទទួលភ្ញៀវជាដើម។
ការចេះភាសាទាំងប៉ុន្មានខាងលើ វាមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ ប៉ុន្តែ ទាមទារឲ្យចេះ ឲ្យយល់ពីភាសាមួយទៀតនោះគឺ ភាសាការទូត ដែលជាភាសាទីប្រាំមួយ។ ភាសាការទូតនេះ គឺចង់សំដៅដល់ការចេះប្រើប្រាស់ពាក្យពេចន៍និយាយស្ដី មានបែបផែន ភាសាគួរឲ្យចង់ស្ដាប់ ចង់រាប់អាន និយាយស្ដីមានបែបបទ មានក្បាលមានកន្ទុយ មានការបញ្ចប់ច្បាស់លាស់ ដែលធ្វើឲ្យដៃគូសន្ទនា ស្ដាប់ហើយយល់ថា អ្នកគឺជាមនុស្សដែលគួរឲ្យជឿទុកចិត្ត និងរាប់អាន។
ភាសាចុងក្រោយ គឺភាសាអាស៊ាន។ ភាសាមួយនេះលោក គួច ម៉េងលី លើកឡើងថា ថ្វីដ្បិតថាវាមិនសូវសំខាន់ ប៉ុន្តែចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន យុវជន ត្រូវតែដឹង ថាអ្វីទៅជាអាស៊ាន គោលដៅរបស់អាស៊ាន តម្រូវការរបស់អាស៊ាន ទីផ្សាររបស់អាស៊ាន ថាចង់បានអ្វី?
តាមរយៈភាសាទាំងប្រាំពីរ ខាងលើនេះ លោក គួច ម៉េងលី បានបញ្ជាក់ថា ប្រសិនបើយុវជន សិស្សនិស្សិតអាចធ្វើបាន ទោះបីទៅរកការងារនៅកន្លែងណាក៏គេទទួលយកដែរ រួមផ្សំជាមួយសីលធម៌ល្អរបស់ខ្លួន។ ប៉ុន្តែខ្លាចក្រែងតែយុវជនខ្លួនឯង មិនអាចធ្វើបាន មិនភាពប្រាកដប្រជាខ្លួនឯង៕
ប្រភព៖ ថ្មីៗ
លោក គួច ម៉េងលី៖ បើចង់ជោគជ័យក្នុងជីវិតត្រូវចេះយ៉ាងតិច៧ភាសា
Reviewed by Unknown
on
May 05, 2016
Rating:
No comments: