កូរ៉េខាង​ជើងត្រៀម​រូច​ស្រេច​នឹង​បើក​មហាសន្និបាត​បក្ស​ជា​លើក​ទី​១

នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាង​ជើង​ត្រូវ​​​បើក​មហា​សន្និបាត​​បក្ស​ជា​ជា​ផ្លូវការ និង​លើក​ទី​ មួយ គិត​ចាប់​​ពី​ឆ្នាំ​១៩៨០​មក។ ​មហា​សន្និបាតដ៏​ធំ​មិន​ធ្លាប់​ ដែល​​​ធ្វើ​ឡើងក្នុង​អត្ថន័យ​ពង្រឹង​អំណាច​ប្រមុខ​បក្សក្មេង​ខ្ចី គីម ជុងអ៊ុន​ នេះ​ អាច​មាន​រយៈ​ពេល​ពី​បួន ទៅ​ប្រាំ​ថ្ងៃ និង​បាន​ឆ្លង​កាត់​ការ​រៀប​ចំ ព្រមទាំងការ​​​ហាត់​ត្រៀម អស់​រយៈ​ពេល​ជាង​ពីរ​ខែ​មក​ហើយ។
បក្ស​ពលករ​ បក្ស​កុម្មុយនិស្ត​តែ​មួយ​គត់​កាន់​អំណាច​នៅ​​កូរ៉េខាង​ជើង មិន​ដែល​រៀប​ចំ​មហា​សន្និបាត​អស់​រយៈ​ពេល​៣៦​ឆ្នាំ​មក​ហើយ។ ​តែ​នៅ​ថ្ងៃ​នេះ ក្រោម​អំណាច​របស់​ប្រមុខ​ដឹកនាំ​ដ៏​ក្មេង​ខ្ចី គីម ជុងអ៊ុន កូរ៉េខាង​ជើង បាន​បើក​ទំព័រ​​​ថ្មី អញ្ជើញ​ភ្ញៀវ​កត្តិយសរាប់​ពាន់​នាក់​ ជា​ប្រតិភូ​មក​ពី​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស និង​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ឱ្យ​ចូល​រួម​តាមព្រឹត្តិការណ៍​មហា​សន្និបាតផង។ ពិត​ជា​ពុំ​ធ្លាប់​មាន​ឡើយ​ សម្រាប់​កូរ៉េកុម្មុយនិស្ត ដែល​តែង​មាន​ភាព​សង្ស័យ​លើ​​ប្រព័ន្ធ​ឃោសនា​បរទេស។
សូម​បញ្ជាក់​ថា នេះ​ជា​មហាសន្និបាត​​​​​លើក​ទី​៧ គិត​ចាប់​តាំង​ពី​របប​កុម្មុយនិស្ត​បាន​បង្កើត​ឡើង​ដោយ​ប្រមុខ​គីមអ៊ីលស៊ុង ដែល​ត្រូវ​ជា​ជីតាបង្កើត​​របស់​ លោក ​គីមជុង​អ៊ុនមក។ ពលរដ្ឋ​ចាស់ក្មេង​ បាន​ចូល​រួម​រៀប​ចំ​កម្មវិធី​យ៉ាង​សកម្ម​ និង​ប្រកប​ដោយ​ក្តី​គោរព​បំផុត​ចំពោះ​អគ្គមគ្គុទេសក៍​គីម ជុងអ៊ុន។ នេះ​បើ​តាមប្រសាសន៍​ពលករ​ម្នាក់ ​ដែល​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ផលិត​​អង្ករ​ និង​ដែល​កំពុង​ហាត់​សម​រាំ​កាន់​ផ្កា មក​កាន់​ភ្នាក់ងារ​​សារព័ត៌មាន​Reuters។

ជា​សរុប​ មាន​ពលរដ្ឋ​កូរ៉េខាង​ជើង​ប្រមាណ​ជាង​បី​លាន​នាក់ បាន​ត្រៀម​លក្ខណៈ​តាំង​ពី​ជាង​ពីរ​ខែ​មក​ហើយ !  ហើយ​​រហូត​មកទល់​នឹង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គេ​នៅ​តែ​បន្ត​ឃើញ​មនុស្សម្នាចំណាស់ៗ​ នាំ​គ្នា​កាត់​ច្រឹប​តម្រឹម​ស្មៅ លាប​ពណ៌​ដើម​ឈើ​​​មួយ​កំណាត់​ក្រោម​ឱ្យ​ស​ចាំង​ភ្លេក ... ​ក្រុម​ព្យុហយាត្រា​​បន្ត​ដើរ​សម​ ក្រុម​អ្នក​ចម្រៀង​ហាត់​សាក​ យ៉ាង​សស្រាក់សស្រាំ ដើម្បី​កុំ​ឱ្យ​មាន​ភ្លាំង​ភ្លាត់​ ក្នុង​កម្មវិធី​ធំ ដែល​មាន​លោក​ គីម ជុងអ៊ុន​ ជា​អធិបតី។

ក្នុង​អាយុ​៣៣ឆ្នាំ គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង ទំនង​ជា​នឹង​ត្រូវ ប្រកាស​ចាត់​ទុក​កូរ៉េខាង​ជើង​ជា​មហា​អំណាច​នុយក្លេអ៊ែរ និង​ប្រកាស​យក​មាគ៌ានយោបាយ​ពង្រឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិង​នុយក្លេអ៊ែរ នា​ឱកាស​ឡើង​​ថ្លែង​សុន្ទរកថា ​​​បើក​មហាសន្និបាត​ជា​ផ្លូវការផង៕
media 
ប្រភព៖ RFI
កូរ៉េខាង​ជើងត្រៀម​រូច​ស្រេច​នឹង​បើក​មហាសន្និបាត​បក្ស​ជា​លើក​ទី​១ កូរ៉េខាង​ជើងត្រៀម​រូច​ស្រេច​នឹង​បើក​មហាសន្និបាត​បក្ស​ជា​លើក​ទី​១ Reviewed by Unknown on May 06, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.