កុមារអភ័ព្វ កើតមកមានម្រាមដៃម្រាមជើងសរុប៣១ម្រាម
នាដើមឆ្នាំនេះ ក្មេងប្រុសម្នាក់បានកើតមកជាមួយនឹងភាពដ៏មិនធម្មតាមួយ នោះគឺគេមានម្រាមដៃ និងម្រាមជើង បូកចូលគ្នាទៅមានដល់ទៅ៣១ម្រាម ដែលធ្វើឲ្យឪពុកម្ដាយរបស់គេមានការបារម្ភជាខ្លាំង ហើយពេលនេះ ពួកគេកំពុងតែព្យាយាមស្វែងរកជំនួយពីមនុស្សគ្រប់គ្នា ដើម្បីធ្វើការវះកាត់ឲ្យកូនរបស់ពួកគេ មានសភាពធម្មតាដូចមនុស្សទូទៅវិញ ។
ក្មេងតូចអាយុ៣ខែរូបនេះមានឈ្មោះថា Honghong មានម្រាមដៃ១៥ និងម្រាមជើង១៦ ប៉ុន្តែគ្មានមេដៃ និងមេជើងទេ តែមានបាតដៃ២ដូចមនុស្សធម្មតា ដែលវាជាជំងឺដ៏កម្របំផុតមួយ ឈ្មោះថា Polydactyly សំដៅលើមនុស្សដែលមានម្រាមដៃ និងម្រាមជើងលើសពី៥ ដែលតាមពិតទៅ ម្ដាយរបស់ក្មេងតូចនេះ ក៏មានសភាពដូចគ្នានេះ តាំងពីកំណើតដែរ ។
ព្រោះតែការព្រួយបារម្ភនឹងរឿងនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ ទាំងឪពុក និងម្ដាយរបស់ក្មេងតូចនេះ បានព្យាយាមទៅធ្វើការស្កេនមើលទារកក្នុងផ្ទៃជាច្រើនដង ដើម្បីតាមដានពីសភាពរបស់កូន ព្រោះខ្លាចថាកើតមកមានសភាពដូចខ្លួន តែគ្រូពេទ្យបានប្រាប់ថា កូននេះនឹងមានសភាពប្រក្រតីដូចមនុស្សធម្មតាទេ ប៉ុន្តែចុងក្រោយរឿងអាក្រក់នៅតែកើតឡើង ។
ឥឡូវនេះ ការវះកាត់កែតម្រូវឲ្យក្មេងតូចនេះមានសភាពដូចមនុស្សធម្មតាវិញ ជាបញ្ហាប្រឈមរបស់ឪពុកម្ដាយគេ ព្រោះវានឹងត្រូវចំណាយប្រាក់ច្រើនលើសពីសមត្ថភាព ដែលគ្រួសារក្រីក្រនេះអាចផ្គត់ផ្គង់បាន ម្យ៉ាងវិញទៀត អាយុក្មេងតូចនេះមិនទាន់សមល្មមនឹងការប្រើប្រាស់ថ្នាំស្ពឹកទេ ដូច្នេះគ្រូពេទ្យបានផ្ដល់យោបល់ថា គួរណាស់តែចាំដល់ក្មេងនេះមានអាយុចន្លោះពី៦ខែ ទៅមួយឆ្នាំ ទើបគួរធ្វើការវះកាត់ ៕ (Shanghaiist)
កុមារអភ័ព្វ កើតមកមានម្រាមដៃម្រាមជើងសរុប៣១ម្រាម
Reviewed by Unknown
on
May 05, 2016
Rating:
No comments: